នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារ តែងតែមានការទាស់ទែងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យាលក់ ដោយសារតែមិនមានការយល់ដឹងផ្នែកច្បាប់ថាតើ ទង្វើទាំងនោះវាស្របច្បាប់ ឬមិនស្របច្បាប់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងថា អ្វីខ្លះទៅជាកាតព្វកិច្ចរវាងពួកគាត់នៅក្នុងកិច្ចសន្យាលក់ ដូច្នេះខាងក្រោមនេះ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ។
អ្នកលក់ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃកាតព្វកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនងគតិយុត្តដែលទាក់ទងទៅនឹងវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ ហើយជាពិសេស ក្នុង ករណីលក់អចលនវត្ថុអ្នកលក់ត្រូវពន្យល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចនវត្ថុជាអាទិ៍ ។
១. ករណីកិច្ចទូទៅរបស់អ្នកលក់
អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលត្រូវប្រគល់វត្ថុនោះ ។ អ្នកលក់ត្រូវប្រាប់អ្នកទិញនូវគុណភាពសារវន្តនៃវត្ថុ ព្រមទាំងស្ថានភាពទាំងឡាយសំខាន់ៗដែលទាក់ទងនឹងវត្ថុនោះ ។ អ្នកលក់មានកាតព្វកិច្ច ត្រូវផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិដែលខ្លួនបានលក់ ត្រូវ វត្ថុដែលបានលក់ ព្រមទាំងលិខិតផ្សេងៗដែលចាំបាច់ដើម្បីបញ្ជាក់នូវសិទ្ធិ ចំពោះអ្នកទិញតាមកិច្ចសន្យា ។
២. ការផ្ទេរសិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកលក់
អ្នកលក់មានករណីកិច្ចត្រូវផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការលក់ទិញទៅឲ្យអ្នកទិញ ។ ប្រសិនបើកម្មវត្ថុនៃការលក់ទិញជាសិទ្ធិរបស់អ្នកដទៃ អ្នកលក់ត្រូវទទួលសិទ្ធិនោះ ហើយត្រូវផ្ទេរសិទ្ធិនោះទៅឲ្យអ្នកទិញ ។
ប្រសិនបើអ្នលក់មិនអាចផ្ទេរសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញទៅឲ្យអ្នកទិញបានទេ អ្នកទិញអាចរំលាយកិច្ចសន្យាបាន ។ ក្នុងករណីនេះ ប្រសិនបើអ្នកទិញមិនបានដឹងនៅពេលធ្វើកិច្ចសន្យាទេថា សិទ្ធិនោះមិនមែនជាសិទ្ធិរបស់អ្នកលក់ទេ អ្នកទិញអាចទាមទារសំណងនៃការខូចខាតបាន ។ ក៏ប៉ុន្តែប្រសិនបើអ្នកលក់មិនបានដឹងថា សិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញមិនមែនជារបស់ខ្លួន នៅពេលធ្វើកិច្ច សន្យាទេ ហើយមិនអាចទទួលយកសិទ្ធិនោះទៅផ្ទេរឲ្យអ្នកទិញបានទេ អ្នកលក់អាចរំលាយ កិច្ច សន្យានោះបាន តែត្រូវសងការខូចខាត ។ ម្យ៉ាងវិញទៀត ក្នុងករណីដែលអ្នកទិញ បានដឹងថា សិទ្ធិដេលជាកម្មវត្ថុនៃការលក់ទិញមិនមែនជាសិទ្ធិរបស់អ្នកលក់ទេ អ្នកលក់អាចរំលាយកិច្ច សន្យានោះបានដោយមិនចាំបាច់សងការខូចខាតឡើយ (យោងតាមមាត្រា ៥៣២ នៃក្រមរដ្ឋប្បវេណី នៃព្រះ រាជាណាចក្រកម្ពុជា) ។
អ្នកលក់ត្រូវប្រគល់វត្ថុដើម និងផល ឬវត្ថុរាយរងទាំងឡាយណាដែលទាក់ទងនឹងវត្ថុដើមទៀតផង ។
ក. ការផ្ទេរសិទ្ធិចំពោះអចលន និងចលនវត្ថុ
v ចំពោះអចលនវត្ថុ ការផ្ទេរសិទ្ធិរបស់អ្នកលក់ឲ្យទៅអ្នកទិញទុកជាត្រឹមត្រូវបានលុះត្រាតែសំបុត្រលក់នោះមានសេចក្តីបញ្ជាក់ និងប្រថាប់ត្រា ។ ចាប់តាំងពីថ្ងៃដែលសំបុត្រនោះមានសេចក្តីបញ្ជាក់ និងប្រថាប់ត្រា តតិយជនជំទាស់លែងបាន ។
v ចំពោះចលនវត្ថុ ការផ្ទេរសិទ្ធិរបស់អ្នកលក់ឲ្យទៅអ្នកទិញទុកជាត្រឹមត្រូវបាន ហើយតតិយជនជំទាស់លែងបាន ចាប់តាំងពីពេលប្រគល់វត្ថុនោះដល់ដៃអ្នកទិញ លើកលែងតែការលក់ ត្រូវធ្វើសំបុត្រ មានសេចក្តីបញ្ជាក់ ។ ក្នុងករណីខាងក្រោយនេះតតិយជនជំទាស់ លែងបាន ចាប់តាំងពីថ្ងៃដែល សំបុត្រនោះ មានសេចក្តីបញ្ជាក់ ។
ខ. ការទទួលខុសត្រូវរបស់អ្នកលក់
អ្នកលក់ត្រូវធានាដល់អ្នកទិញ ចំពោះការរំខានដែលតតិយជនគម្រាមថា នឹងប្តឹងឲ្យដកហូតវត្ថុពីអ្នកទិញ។ សេចក្តីគម្រាមថា ប្តឹងឲ្យដកហូតនោះកើត ឡើងក្នុងគ្រាដែល តតិយជនទាមទារឲ្យអ្នកទិញទទួលស្គាល់សិទ្ធិរបស់ខ្លួនលើវត្ថុ ។ ខណៈណាមានតតិយជន គម្រាមថានឹង ប្តឹងឲ្យដកហូត អ្នកទិញអាចទៅហៅអ្នកលក់ឲ្យមកធានារ៉ាប់រ ងភ្លាម បាន ។ ខណៈនោះអ្ នកលក់ត្រូវបញ្ចេញប័ណ្ណរបស់ខ្លួន ប្រើគ្រប់មធ្យោបាយដើម្បីឲ្យតតិយជនលែងប្តឹងទៅវិញ ឬក៏ឲ្យបានឈ្នះតតិយជននោះតាមអំណាចសាលក្រមរបស់តុលាការ ។ ករណីដែលតុលាការកាត់សេចក្តីឲ្យដកហូតវត្ថុ អ្នកលក់ត្រូវបង្វិលថ្លៃទាំងអស់ដែលខ្លួនបានទទួលឲ្យអ្នកទិញវិញ ។ ម្យ៉ាងទៀត អ្នកលក់ត្រូវចេញជម្ងឺចិត្តនោះត្រូវគិតប្រាក់បង់ខាងក្នុងការធ្វើកិច្ចសន្យានិងប្រាក់ចំណាយផ្សេងៗដែលអ្នកទិញគិតបញ្ចូលទៅក្នុងវត្ថុនោះ តាំងពីថ្ងៃលក់មក ។ បើអ្នកលក់ស្លាប់ កាតព្វកិច្ចនៃការទទួលខុសត្រូវរ៉ាប់រងត្រូវធ្លាក់ទៅលើទាយាទទាំងអស់នៃអ្នកលក់ ។
v ការទទួលខុសត្រូវក្នុងការធានាវិការៈ
ក្នុងករណីដែលវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញមានវិការៈ ទោះបីដឹងច្បាស់ក្រោយពេលមានហានិភ័យក៏ដោយ ក៏អ្នកលក់ត្រូវទទួលខុសត្រូវក្នុងការប្រគល់វត្ថុជំនួស ការជួសជុលវិការៈ ការរំលាយកិច្ចសន្យា ឬការបន្ថយតម្លៃស្របតាមកិច្ចសន្យា ។ ប្រសិនបើវិការៈនោះ បានកើតឡើងដោយសារអ្នកលក់ធ្វើខុសនឹងករណីកិច្ចរបស់ខ្លួនក៏ដោយ ក៏អ្នកលក់ត្រូវទទួលខុសត្រូវក្នុងការធានាវិការៈដែរ ។
ក្នុងករណីដែលអ្នកលក់ធានាថាវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញនោះត្រូវស្របនឹងគោលបំណងធម្មតា ឬគោលបំណងពិសេសក្នុងអំឡុងពេលដែលបានកំណត់ក្រោយពីការប្រគល់ ឬធានាថាវត្ថុដែលជាកម្មវត្ថុនោះត្រូវរក្សាទុកនូវគុណភាពពិសេស ឬលក្ខណៈពិសេសដដែល ក្នុងអំឡុងពេលដែលបានកំណត់ក្រោយការប្រគល់ ហើយបើមានការបំពានលើការធានានោះ អ្នកលក់ត្រូវទទួលខុសត្រូវក្នុងការធានាវិការៈដូចគ្នាដែរ ។ ក៏ប៉ុន្តែប្រសិនបើអ្នកទិញបានដឹង ឬមិនបានដឹងថាដោយសារកំហុសធ្ងន់ធ្ងររបស់ខ្លួនអំពីវិការៈនៃវត្ថុដែលជាកម្មវត្ថុនោះ នៅពេលធ្វើកិច្ចសន្យាលក់ទិញ អ្នកលក់មិនត្រូវទទួលខុសត្រូវក្នុងការធានាវិការៈនោះទេ ។
៣. សេចក្តីសន្និដ្ឋាន
ឆ្លងតាមការរៀបរាប់ខាងលើ ឃើញថារាល់បញ្ហាដែលកើតមានរវាងអ្នកលក់ និងអ្នកទិញនៅក្នុងទីផ្សារជំនួញ គឺរមែងកើតមកពីការខ្វះខាតចំនេះដឹងផ្នែកច្បាប់ និងការកេងចំនេញយកប្រយោជន៍ផ្ទាល់ខ្លួន ដូចនេះការសិក្សាស្វែងយល់អំពីសិទ្ធិរបស់អ្នកលក់ពិតជាមានសារៈសំខាន់ និងជាប្រយោជន៍ ក្នុងការ លុប បំបាត់នូវជម្លោះអស់ទាំងនោះបាន ។
Comments
Post a Comment