អំពើអនីត្យានុកូល
អំពើអនីត្យានុកូល ជាអំពើដែលបំពានខុសច្បាប់លើសិទ្ធិ ឬ ផលប្រយោជន៍អ្នកដ៏ទៃដោយកំហុសចេតនា ឬ អចេតនា ដែលអំពើទាំងនោះសំដៅទៅលើអំពើដែលមានត្រូវនឹងចំនុចណាមួយ ដូចខាងក្រោម៖
~ អំពើបំពានដោយព្យាករ ឬ គិតទុកជាមុនអំពីការកើតឡើងនៃលទ្ធផល ហើយដោយទទួលយកការកើតឡើងនៃលទ្ធផលនោះ។
~ អំពើដែល បើតាមប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹង អ្នកធ្វើអំពើនោះអាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលក៏ដោយ ក៏អ្នកធ្វើអំពើនោះនៅតែពុំបានព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលនោះ ដោយសារការធ្វេប្រហេសមិនប្រុងប្រយ័ត្ន ហើយទោះបីជាមានករណីកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ ក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីកិច្ចនោះ (មាត្រា ៧៤២ នៃក្រមរដ្ឋប្បវេណីថ្មី)។
I. ប្រភេទនៃអំពើអនីត្យានុកូល
អំពើអនីត្យានុកូល បានបែងចែកជាបីប្រភេទធំៗ ៖
Ø ការទទួលខុសត្រូវចំពោះអំពើខ្លួនឯង
Ø ការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដទៃ
Ø ការទទួលខុសត្រូវចំពោះអំពើរបស់សត្វ និងវត្ថុ
១. ការទទួលខុសត្រូវចំពោះអំពើខ្លួនឯង
បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬ ផលប្រយោជន៍របស់ជនដទៃដោយកំហុសចេតនា ឬ ដោយកំហុសអចេតនាត្រូវទទួលខុសត្រូវក្នុងការសងខូតខាតដែលកើតឡើងដោយអំពើនោះ។
ជនដែលមានអាយុក្រោម ១៤(ដប់បួន)ឆ្នាំ និង បុគ្គលដែលស្ថិតក្នុងស្ថានភាពដែលមិនអាច
យល់ដឹង ឬ ដោយសារមានវិបត្តិស្មារតី ឬ មូលហេតុផ្សេងៗ មិនត្រូវទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលឡើយ (មាត្រា ៧៤៥)។
២. ការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដ៏ទៃ
ការទទួលខុសត្រូវចំពោះអំពើអ្នកដ៏ទៃ គឺជាការទទួលខុសត្រូវ ចំពោះការខូចខាតដែលបង្កឡើងដោយអ្នកដ៏ទៃដោយផ្អែកលើទំនាក់ទំនងគតិយុត្ត ហើយយើងជាអ្នកទទួលខុសត្រូវជំនួស។
ប្រភេទនៃការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដ៏ទៃ មានដូចជា៖
ក. ការទទួលខុសត្រូវចំពោះអ្នកមានករណីកិច្ចត្រួតពិនិត្យ
អ្នកដែលមានករណីកិច្ចត្រួតពិនិត្យ គឺសំដៅទៅលើ ឪពុកម្តាយ អាណាព្យាបាល ឬ ហិតូបត្ថម្ភ ( ហិតូបត្ថម្ភ គឺការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និង វិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ) បុគ្គលដែលមានករណីកិច្ចដែលច្បាប់បានកំណត់ក្នុងការត្រួតពិនិត្យ អនីតិជនដែលមានអាយុក្រោម ១៤ឆ្នាំ ឬ មានវិបត្តិខាងស្មារតី ឬ មូលហេតុផ្សេងៗទៀត ត្រូវសងនូវការខូចខាតរបស់អ្នកដ៏ទៃ ដោយអំពើបំពានរបស់អ្នកនៅក្រោមការត្រួតពិនិត្យរបស់ខ្លួននោះ (មាត្រា ៧៤៦ ក្រមរដ្ឋប្បវេណីថ្មី )។
ខ. ការទទួលខុសត្រូវរបស់និយោជក
បុគ្គលដែលប្រើនិយោជិតឲ្យអនុវត្តកិច្ចការ ដែលយើងហៅថានិយោជក ត្រូវទទួលខុសត្រូវសងនូវសំណងនៃការខូចខាតទាំងអស់ ដែលនិយោជិតបានបង្កឡើងដល់អ្នកដ៏ទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬកំហុសអចេតនា។
ប៉ុន្តែបុគ្គលដែលស្ថិតក្នុងឋានៈត្រូវត្រួតពិនិត្យនិយោជិតជំនួសនិយោជក ត្រូវទទួលខុសត្រូវដូចគ្នានឹងនិយោជកដែរ។ ប៉ុន្តែក្នុងករណីដែលបុគ្គលនោះបានត្រួតពិនិត្យបានត្រឹមត្រូវហើយ គឺមិនត្រូវបានទទួលខុសត្រូវទេ។
និយោជក ឬ អ្នកត្រួតពិនិត្យជំនួស មានសិទ្ធិទាមទារសំណងពីនិយោជិតបាន ដោយយោងទៅតាមកម្រិតនៃទោសរបស់និយោជិតនោះ( មាត្រា ៧៤៧ ក្រមរដ្ឋប្បវេណីថ្មី )។
លក្ខខណ្ឌ
v ត្រូវស្ថិតក្នុងម៉ោងការងារ
v ការខូចខាតត្រូវកើតឡើងក្នុងពេលអនុវត្តកិច្ចការនោះ
v ស្ថិតក្រោមអត្ថាធិនភាព
v ប្រាក់កំរៃ ។
គ. អំពីអនីត្យានុកូលរបស់នីតិបុគ្គល
នីតិបុគ្គលត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលសមាជិកគណៈកម្មការនាយក ឬអ្នកតំណាងឯទៀត បានបង្កដល់អ្នកដ៏ទៃ ដោយខុសច្បាប់ ដោយកំហុសចេតនា ឬ កំហុសអចេតនា ក្នុងការអនុវត្តកិច្ចការនោះ ។ នីតិបុគ្គលអាចទាមទារសំណងពីអ្នកតំណាង ដែលបានប្រព្រឹត្តអំពើបង្កការខូចខាតនោះ ( មាត្រា ៧៤៩ ក្រមរដ្ឋប្បវេណីថ្មី )។
ឃ. អំពីអនីត្យានុកូលរបស់មន្រ្តីរាជការ
មន្រ្តីរាជការដែលទទួលបាននូវអំណាចសាធារណៈរបស់រដ្ឋ ឬ ស្ថាប័នសាធារណៈ បានបង្កការខូចខាតដល់អ្នកដ៏ទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬ កំហុសអចេតនា ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួននោះ រដ្ឋ ឬ ស្ថាប័នសាធារណៈត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតនោះ។
ក្នុងករណី បើកម្រិតនៃការបំពានករណីកិច្ចរបស់មន្រី្តរាជការ ក្នុងការជៀសវាងនូវលទ្ធផល មានភាពធ្ងន់ធ្ងរ រដ្ឋ ឬ ស្ថាប័នសាធារណៈអាចទាមទារសំណងពីមន្រ្តីរាជការនោះបាន (មាត្រា ៧៤៩ )។
អ្នករាជការសាធារណៈ គឺបុគ្គលដែលបម្រើការក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការ ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្ត ទោះជាអចិន្ត្រៃយ៍ ឬជាបណ្តោះអាសន្នក្តី ទោះជាទទួល ឬ មិនទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពី ឋានៈ អាយុ របស់បុគ្គលនោះឡើយ។
៣. ការទទួលខុសត្រូវចំពោះអំពើរបស់សត្វ និង វត្ថុ
ក. ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ
បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដ៏ទៃ ដោយសត្វដែលខ្លួនកាន់កាប់ ( មាត្រា ៧៥០ ក្រមរដ្ឋប្បវេណីថ្មី )។
ខ. ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ
ផលិតករនៃចលនវត្ថុ ត្រូវទទួលខុសត្រូវសងការខូចខាត ដោយសារចលនវត្ថុរបស់ខ្លួន បណ្តាលឲ្យមានការខូចខាតដល់អ្នកដ៏ទៃដែលមានវិការៈនាំឲ្យមានគ្រោះថ្នាក់ដោយមិនសមហេតុផល ។ អ្នកដែលផលិតចលនវត្ថុដែលផ្សំដោយគ្រឿង ឬវត្ថុធាតុដើមដែលមានវិការៈ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ក្នុងនាមផលិតករផងដែរ។ ចំពោះអ្នកនាំចូលចលនវត្ថុនោះ ត្រូវចាត់ទុកជាផលិតករដែរ ។ ហើយបុគ្គលដែលបានដាក់សញ្ញាណនៃនាមករណ៍របស់ខ្លួន ជាផលិតករ ឬអ្នកលក់ លើចលនវត្ថុ ត្រូវចាត់ទុកជាផលិតករនៃចលនវត្ថុនោះ ( មាត្រា ៧៥២ ក្រមរដ្ឋប្បវេណីថ្មី )។
គ. ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់
បុគ្គលជាកម្មសិទ្ធិករ ឬជាអ្នកគ្រប់គ្រងរថយន្ត គ្រឿងចក្រសម្រាប់ដឹកជញ្ជូនផ្សេងទៀត គ្រឿងផ្ទុះវត្ថុធាតុវិទ្យុសកម្ម វត្ថុធាតុគីមីដែលមានជាតិពុល អតិសុខុមប្រាណឧត្បាត ឬ គ្រឿងដែលមានកម្រិតគ្រោះថ្នាក់ផ្សេងទៀត ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលបង្កដល់អ្នកដ៏ទៃ ដោយសារវត្ថុគ្រោះថ្នាក់ដែលខ្លួនមានកម្នសិទ្ធិ ឬ គ្រប់គ្រង ។ ប៉ុន្តែ កម្មសិទ្ធិករ ឬ អ្នកគ្រប់គ្រង មិនចាំបាច់ទទួលខុសត្រូវក្នុងករណីប្រធានសក្តិ ឬ ករណីអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់គ្មានវិការៈ ហើយការខូចខាតបានកើតឡើងដោយសារអំពើរបស់ជនរងគ្រោះ ឬ តតិយជន ( មាត្រា ៧៥២ ក្រមរដ្ឋប្បវេណីថ្មី )។
ឃ. ការទទួលខុសត្រូវចំពោះសំណងដែលជាប់នឹងដី
អ្នកគ្រប់គ្រងសំណង់ និង កម្មសិទ្ធិករ ត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ក្នុងករណីដែលការសាងសង់សំណង់ជាប់ដី មានវិការៈ ហើយបានបង្កឲ្យមានការខូចខាតដល់អ្នកដ៏ទៃ។ ប៉ុន្តែ ក្នុងករណីដែលអ្នកគ្រប់គ្រងសំណង់បានបញ្ជាក់ថា ខ្លួនបានគ្រប់គ្រងដោយត្រឹមត្រូវ អ្នកគ្រប់គ្រងនោះអាចរួចផុតពីការទទួលខុសបាន ។ បន្ទុករបស់កម្មសិទ្ធិករនៃសំណង់ដែលជាប់នឹងដី និងអ្នកគ្រប់គ្រងសំណង់នោះត្រូវកំណត់ទៅតាមកម្រិតនៃការបង្កឲ្យមានវិការៈនៃការសាងសង់ ឬ ការគ្រប់គ្រង(មាត្រា ៧៥៣ ក្រមរដ្ឋប្បវេណីថ្មី )។
ង. អំពើអនីត្យានុកូលរួម
បើការខូចខាតបានកើតឡើង ដោយសារអំពើរបស់បុគ្គលច្រើននាក់រួមគ្នា អ្នកប្រព្រឹត្តអំពើបំពាននីមួយៗ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដោយសាមគ្គីភាព ។ ប្រសិន បើអ្នកប្រព្រឹត្តអំពើនីមួយៗបានបញ្ជាក់អំពីភាគនៃអំពើដែលខ្លួនបានបង្កឲ្យមានការខូចខាតដល់ជននោះ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត តាមសមាមាត្រនៃភាគដែលខ្លួនបានបង្ក។ បើជនណាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តអំពើអនីត្យានុកូលរួម បានសងការខូចខាតទាំងអស់ដោយចេញចំណាយរបស់ខ្លួន ជននោះអាចទាមទារសំណងពីអ្នកផ្សេងទៀត បានតាមសមាមាត្រដែលជនម្នាក់ៗបានបង្កឡើង (មាត្រា ៧៥៤ក្រមរដ្ឋប្បវេណីថ្មី )។
II. លក្ខខណ្ឌនែការទទួលខុសត្រូវក្រៅកិច្ចសន្យា ឬ នៃអំពើអនីត្យានុកូល
ដើម្បីឲ្យមានការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលត្រូវមានលក្ខខណ្ឌបីយ៉ាងៈ
ក. កំហុស
កំហុស គឺជាអកប្បកិរិយារបស់មនុស្សម្នាក់ ដែលកើតដោយសារការខ្ជីខ្ជា ការធ្វេប្រហែស មិន យកចិត្តទុកដាក់របស់ខ្លួន ការមិនគោរពកិច្ចសន្យា ( កំហុសក្នុងកិច្ចសន្យា ) ឬ មិនបំពេញករណីកិច្ចរបស់ខ្លួនដែលមិនបង្កឲ្យមានការខូចខាតដល់អ្នកដ៏ទៃ ( កំហុសរដ្ឋប្បវេណី )។
កំហុសមានពីរប្រភេទគឺៈ
-កំហុសដោយចេតនា : គឺជាកំហុសដែលបង្កើតឡើងពីឆន្ទៈរបស់ចារីតែម្តង ។ កំហុសដោយ
ចេតនាអាចជាធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ និង រដ្ឋប្បវេណីផង។
-កំហុសដោយអចេតនា : គឺជាកំហុសដែលបង្កើតឡើងដោយការធ្វេប្រហែស ឬ ការខ្វះការប្រុងប្រយ័ត្ន ក្នុងការមើលថែទាំ ភាគច្រើនជាកំហុសខាងផ្នែករដ្ឋប្បវេណី ។
ខ. ព្យសនកម្ម
ព្យសនកម្ម មានបីប្រភេទៈ
Ø ព្យសនកម្មផ្នែកសម្ភារៈ គឺជាការខូចខាតដែលប៉ះពាល់ដល់បេតិកភណ្ឌរបស់បុគ្គល។
Ø ព្យសនកម្មផ្នេករាងកាយៈ គឺជាការប៉ះពាល់ដល់រូបរាងកាយរបស់ជនរងគ្រោះ ឬ រហូតដល់អាយុជីវិតរបស់ជនរងគ្រោះ។
Ø ព្យសនកម្មផ្នែកផ្លូវចិត្តៈ គឺជាការខូចខាតប៉ះពាល់ដល់ផ្លូវចិត្តរបស់ជនរងគ្រោះ។
គ. ចំណងហេតុផលរវាងកំហុស និង ព្យសនកម្ម
ចំណងហេតុផលរវាងកំហុស និង ព្យសនកម្ម ត្រូវតែមានជាដាច់ខាត ។ ចំណងហេតុផលត្រូវតែមានពិតប្រាកដ និង ដោយផ្ទាល់។
III. ករណីដែលមិនចាំបាច់ទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល
បុគ្គលមិនចាំបាច់ទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល ដែលកើតឡើងក្នុងករណីដូចខាងក្រោមៈ
ក. ការការពារធម្មានុរូប និង ស្ថានភាពចាំបាច់
· ការការពារធម្មានុរូប គឺសំដៅទៅលើអំពើ រំលោភដែលពុំអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬ ទ្រព្យសម្បត្តិរបស់ខ្លួន ឬ អ្នកដ៏ទៃ ចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន ឬ អំពើរំលោភស្ថិតជិតគ្នា និង មានតុល្យភាពរវាងវិធីការពារ និងកម្រិតនៃអំពើបំពាននោះ។
· ស្ថានភាពចាំបាច់ គឺសំដៅទៅលើអំពើរំលោភដែលមិនអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬ ទ្រព្យសម្បត្តិរបស់ខ្លួន ឬ អ្នកដ៏ទៃចំពោះគ្រោះថ្នាក់បច្ចុប្បន្ន ឬ អច្ចាសន្ន ហើយដែលស្ថិតក្នុងករណីមានតុល្យភាពរវាងពិធីការពារ និង កម្រិតគ្រោះថ្នាក់នោះ។
·
ខ. កំហុសទាំងស្រុងរបស់ជនរងគ្រោះ និង ការព្រមព្រៀងពីជនរងគ្រោះ
បុគ្គលដែលធ្វើឲ្យមានការខូចខាតដល់អ្នកដ៏ទៃ តែមិនត្រូវទទួលខុសត្រូវ ប្រសិនបើការខូចខាតនោះបណ្តាលមកពីជនរងគ្រោះ។
អ្នកប្រព្រឹត្តអំពើត្រូវរួចផុតពីការទទួលខុសត្រូវ ក្នុងករណីដែលមានការយល់ព្រម ឬ ការទទួល យកគ្រោះថ្នាក់ពីសំណាក់អ្នករងគ្រោះ ( មាត្រា ៧៥៦ ក្រមរដ្ឋប្បវេណីថ្មី)។
គ. ករណីប្រធានសក្តិ
ការខូចខាតបណ្តាលមកពីករណីប្រធានសក្តិ អ្នកប្រព្រឹត្តមិនត្រូវបានទទួលខុសត្រូវទេ ពីព្រោះករណីប្រធានសក្តិ ជាព្រិត្តិការ៍ដែលកើតឡើងក្រៅឆន្ទៈរបស់ភាគី មិនអាចដឹងមុន ហើយមិនអាចជំនះបាន។
Comments
Post a Comment